Thursday, June 7, 2012
លោក កឹម សុខា នឹងជួបចរចាជាមួយលោក សម រង្ស៊ី នៅខែកក្កដា
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានឲ្យដឹងថា លោកនឹងទៅជួបលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅខែកក្កដា ខាងមុខ ដើម្បីពិភាក្សាគ្នាអំពីគោលការណ៍នៃការរួបរួមគ្នាឲ្យទៅជាគណបក្សតែមួយរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី។
RFA/Uon Chhin
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃ៧ មិថុនា ឆ្នាំ២០១២។
លោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្ស បានឲ្យដឹងនៅថ្ងៃទី៧ មិថុនា ថា លោករំពឹងថា ការជួបគ្នារវាងរួបលោក និងលោក សម រង្ស៊ី លើកនេះ អាចរកចំណុចរួមដើម្បីឈានទៅរកចំណុចរួបរួមគ្នាបាន ពីព្រោះថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៏ចង់ឲ្យគណបក្សទាំងពីររួបរួមគ្នា ដើម្បីរួមកំលាំងអ្នកប្រជាធិបតេយ្យក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតជាតិលើកទី៥ ឆ្នាំ២០១៣ ខាងមុខ។
លោក កឹម សុខា បានឆ្លើយតបដូច្នេះនៅបន្ទាប់ពីប្រធានស្ដីទីគណបក្ស សម រង្ស៊ី លោក គង់ គាំ បានផ្ញើលិខិតអញ្ជើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី៦ មិថុនា ទៅជួបប្រជុំគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ ថ្ងៃទី៣០ ខែមិថុនា ខាងមុខ ដើម្បីពិភាក្សាគ្នាស្ដីពីការបង្រួបបង្រួមកំលាំងប្រជាធិបតេយ្យខ្មែរទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងដើម្បីដណ្ដើមជ័យជំនះបញ្ចប់អំណាចផ្ដាច់ការក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខ។
លោក កឹម សុខា បញ្ជាក់ថា ដោយសារថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស មានកម្មវិធីរវល់ចាំបាច់របស់ខ្លួនរួចហើយ ដូច្នេះលោកសុំឲ្យលោក សម រង្ស៊ី កំណត់យកថ្ងៃណាមួយក៏បានក្នុងសប្ដាហ៍ទី២ នៃខែកក្កដា តាមទីកន្លែងណាដែលលោក សម រង្ស៊ី អាចកំណត់យកបាន។
Labels:
លោក កឹម សុខា
លោក សម រង្ស៊ី គ្រោងចូលស្រុកវិញក្រោយបោះឆ្នោតឃុំសង្កាត់
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស គ្រោងនឹងវិលមកកម្ពុជាវិញ នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចប់។
RFA File
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតនិងពលរដ្ឋជាច្រើនរយនាក់នៅឯទីស្នាក់ការគណបក្សសមរង្ស៊ីក្នុងក្រុងភ្នំពេញ នាថ្ងៃ៣០ កក្កដា ២០០៨។
លោក សម រង្ស៊ី បានប្រកាសបែបនេះតាមសន្និសីទវីដេអូ ទៅកាន់សមាជិក និងអ្នកគាំទ្រគណបក្សរបស់លោក នៅថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៣ នៅយប់ថ្ងៃទី០១ ខែមិថុនា នាមុខតុលាការកំពូល ឬអតីតអាគាររដ្ឋសភា។
លោក សម រង្ស៊ី នៅតែបញ្ជាក់ថា ការវិលមកវិញនេះ គឺពុំត្រូវការអោយមានការសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកណ្ដាល លោក សុន ឆ័យ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើគណបក្ស សម រង្ស៊ី ឈ្នះបានសំឡេងច្រើនដូចការរំពឹងទុក លោក សម រង្ស៊ី នឹងវិលមកកម្ពុជាវិញ ដោយមិនបារម្ភពីទោសទណ្ឌប្រឆាំងរូបលោក ដែលត្រូវកាត់សេចក្ដីដោយតុលាការនាពេលកន្លងមកនោះទេ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងត្រូវបានតុលាការប្រទេសកម្ពុជា ផ្ដន្ទាទោសអោយជាប់ពន្ធនាគារជាង ១០ឆ្នាំ ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ការក្លែងឯកសារសាធារណៈ ក្លែងឯកសារផែនទី និងផ្សព្វផ្សាយព័ត៌មានមិនពិត។
Labels:
លោក សម រង្ស៊ី
២៧ឆ្នាំក្រោមការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
ភ្នាក់ងារអង្គការសិទ្ធិមនុស្សអន្តរជាតិបានចាត់ទុកថា ការដឹកនាំរយៈពេល ១ម៉ឺនថ្ងៃ ស្មើនឹង ២៧ឆ្នាំ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នាទៅនឹងក្រុមមេដឹកនាំដែលល្បីខាងការគ្រប់គ្រងប្រទេសបែបផ្តាច់ការបំផុត ក្នុងពិភពលោក។
នៅក្នុងអត្ថបទរបស់ លោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលចុះផ្សាយក្នុងទំព័រកាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និងចុះផ្សាយនៅក្នុងព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅក្នុងប្រទេសកម្ពុជា កាលពីដើមខែមិថុនា នេះ បានសរសេរថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមក្រុមមេដឹកនាំបែបជើងកាង និងចិត្តឆៅ ដែលជាក្រុមមនុស្សជើងខ្លាំងគ្រប់គ្រងបែបបំភិតបំភ័យឥតសំចៃខាងការប្រើអំពើហិង្សា ប្រហារក្រុមអ្នកជំទាស់ដោយមិនខ្លាចច្បាប់ និងអមទៅដោយកងកំលាំងអង្គរក្សផ្ទាល់ខ្លួន បំពាក់សព្វាវុធគ្រប់ធុន។
Labels:
លោក ហ៊ុន សែន
លោក ហ៊ុន សែន ប្រដូចលោក សម រង្ស៊ី ទៅនឹងសត្វក្អាត់
RFA/Soun Sophalmony
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៦ នៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹង លោក សម រង្ស៊ី ដែលបានអះអាងថា រូបលោកនឹងរកកិច្ចអន្តរាគមន៍ពីប្រទេសវៀតណាម ដើម្បីឲ្យជួយរូបលោកបានវិលត្រឡប់ចូលស្រុកខ្មែរវិញ។
លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៦ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា បានប្រកាសថា ប្រទេសវៀតណាមមិនអាចមានសម្ពាធលើរូបលោកបានទេ។ អ្នកដែលមានឥទ្ធិពលលើរូបលោក គឺប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបប្រដូច លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងទៅនឹងសត្វក្អាត់ ដែលនៅក្នុងក្អម ហើយស្រែកយំឮៗ។ ការថ្លែងបែបនេះត្រូវបានលោកពន្យល់ថា ការបោះឆ្នោតឃុំ-សង្កាត់ បានបញ្ចប់ទៅហើយ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងនៅតែបន្តស្រែកជេររូបលោកទៀត។ លោកនាយករដ្ឋមន្ត្រីបានប្រតិកម្មទៅកាន់ លោក សម រង្ស៊ី ដោយនិយាយមិនចំឈ្មោះថា មានអ្នកទោសនិរទេសម្នាក់ បាននិយាយថា គេមិនចាំបាច់ចរចាជាមួយ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន គ្រាន់តែជាអាយ៉ងរបស់គេ។ ការចរចា ត្រូវធ្វើជាមួយវៀតណាមដែលអាចបញ្ជារដ្ឋាភិបាល ហ៊ុន សែន បាន។
Labels:
លោក ហ៊ុន សែន