ភ្នាក់ងារអង្គការសិទ្ធិមនុស្សអន្តរជាតិបានចាត់ទុកថា ការដឹកនាំរយៈពេល ១ម៉ឺនថ្ងៃ ស្មើនឹង ២៧ឆ្នាំ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នាទៅនឹងក្រុមមេដឹកនាំដែលល្បីខាងការគ្រប់គ្រងប្រទេសបែបផ្តាច់ការបំផុត ក្នុងពិភពលោក។
នៅក្នុងអត្ថបទរបស់ លោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលចុះផ្សាយក្នុងទំព័រកាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និងចុះផ្សាយនៅក្នុងព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅក្នុងប្រទេសកម្ពុជា កាលពីដើមខែមិថុនា នេះ បានសរសេរថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមក្រុមមេដឹកនាំបែបជើងកាង និងចិត្តឆៅ ដែលជាក្រុមមនុស្សជើងខ្លាំងគ្រប់គ្រងបែបបំភិតបំភ័យឥតសំចៃខាងការប្រើអំពើហិង្សា ប្រហារក្រុមអ្នកជំទាស់ដោយមិនខ្លាចច្បាប់ និងអមទៅដោយកងកំលាំងអង្គរក្សផ្ទាល់ខ្លួន បំពាក់សព្វាវុធគ្រប់ធុន។
លោក ប្រេដ អាដាម មានប្រសាសន៍ថា អត្ថបទរបស់លោក គឺចង់ទាញការចាប់អារម្មណ៍របស់មហាអំណាចធំៗក្នុងពិភពលោកឲ្យយកចិត្តទុកដាក់ឡើងវិញក្នុងការពិនិត្យមើលអំពីភាពមិនប្រក្រតីក្នុងប្រទេសកម្ពុជា នៅគ្រាដែលប្រមុខរដ្ឋាភិបាលនៃប្រទេសមួយនេះ ក្តោបក្តាប់អំណាចដល់ទៅ ២៧ឆ្នាំ នោះ។
លោក ប្រេដ អាដាម៖ «ដោយសារខ្ញុំចង់ឲ្យពិភពលោកចាប់អារម្មណ៍សាជាថ្មីមកលើប្រទេសកម្ពុជាឡើងវិញ ដូច្នេះហើយបានជាខ្ញុំសរសេរអត្ថបទនេះ។ ដូចលោកអ្នកដឹងស្រាប់ហើយថា គ្មាននណាម្នាក់កាន់អំណាចរហូតដល់ទៅ ១ម៉ឺនថ្ងៃ នោះទេ ព្រោះការគ្រប់គ្រងបែបនេះវាយូរពេក។ ប្រធានាធិបតីសហរដ្ឋអាមេរិក អាចកាន់រដ្ឋបាលរបស់ខ្លួនបានតែ ៨ឆ្នាំប៉ុណ្ណោះ យ៉ាងយូរបំផុត។ ដូច្នេះ អាយុនៃអំណាចរបស់ លោក ហ៊ុន សែន ក្នុងរយៈពេល ២៧ឆ្នាំ នេះ វាជារយៈពេលដ៏យូររ៉ាំរ៉ៃណាស់ទៅហើយ។ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា លោកនឹងកាន់អំណាចរហូតដល់លោកអាយុ ៨០ ទៅ ៩០ឆ្នាំ ដែលការអះអាងបែបនេះ មិនមានភាពប្រក្រតីនោះឡើយសំរាប់កម្ពុជា។ ពីមុនកម្ពុជាទទួលបានការយកចិត្តទុកដាក់ខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ តែឥឡូវហាក់មានកំរិតតិចតួចបំផុត។ បណ្ដាប្រទេសទាំងនោះមិនត្រូវគិតថា កម្ពុជាមានសារៈសំខាន់អ្វីខ្លះសំរាប់ពួកគេនោះទេ ប៉ុន្តែពួកគេត្រូវគិតថា វាសនាអនាគតកម្ពុជា វាសំខាន់សំរាប់ពលរដ្ឋកម្ពុជា»។
អត្ថបទរបស់ លោក ប្រេដ អាដាម បានសរសេរថា ក្រោយពីក្រុមមេដឹកនាំផ្តាច់ការនៅប្រទេស ទុយណេស៊ី (Tunisia), អេហ្ស៊ីប (Egypt), យេមែន (Yemen) និងប្រទេស លីប៊ី (Libby) បានដួលរលំទៅ បន្ទាប់ពីមានការរើបម្រះពីកម្លាំងមហាជន បន្សល់នៅតែ លោក ហ៊ុន សែន ទេ ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដ៏យូរជាងគេបំផុតចំនួន ១០ ក្នុងពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ អត្ថបទវាយប្រហារមកលើ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់មន្ត្រីសិទ្ធិមនុស្ស លោក ប្រេដ អាដាម ទទួលបានការរិះគន់យ៉ាងចាស់ដៃពីជនបរទេសមួយរូប ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជា។ លោក អាឡេន ម៉ៃយើ (Allen Myers) សញ្ជាតិអូស្ត្រាលីដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានចេញផ្សាយលិខិតចំហចុះថ្ងៃទី៤ មិថុនា ប្រតិកម្មទៅនឹងអត្ថបទចុះផ្សាយរបស់ លោក ប្រេដ អាដាម ថា បានវាយប្រហារធ្ងន់ៗម្តងហើយម្តងទៀត មកលើរដ្ឋាភិបាលកម្ពុជា ដោយគ្មានសមហេតុសមផល និងមិនយល់អំពីប្រវត្តិសាស្ត្រ ព្រមទាំងបច្ចុប្បន្នភាពកម្ពុជាច្បាស់លាស់។
លោក អាឡេន បានចោទថា ការសរសេររបស់ លោក ប្រេដ អាដាម គ្រាន់តែជាការសរសេរដើម្បីកំសាន្តក្នុងគំនិតចំអកឡកឡឺយ ស្អប់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ លោក អាឡេន ចោទថា លោក ប្រេដ អាដាម បានលៃលក និងគិតគូរអំពីពេលវេលាច្បាស់លាស់ក្នុងការចេញផ្សាយអត្ថបទវាយប្រហារ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺចេញផ្សាយអោយបានមុនពេលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៣ មិថុនា សប្ដាហ៍មុននេះ។
លោក អាឡេន ម៉ៃយើ គឺជាស្វាមី និងជាទីប្រឹក្សារបស់ លោកស្រី ហេឡេន ចាវិស (Hellen Javis) ដែលជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ហេឡេន ចាវិស ជាជនជាតិអូស្ត្រាលី និងទទួលបានសញ្ជាតិខ្មែរពីរដ្ឋាភិបាលកម្ពុជា។
ឆ្លើយតបទៅនឹងការរិះគន់របស់ លោក អាឡេន ម៉ៃយើ ដែលចោទថា លោកបានជ្រើសរើសពេលវេលាចេញផ្សាយអត្ថបទអោយចំមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នោះ លោក ប្រេដ អាដាម បានបដិសេធថា គ្មានការទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជាឡើយ។ ឆ្លើយតបទៅនឹងសំនួររបស់វិទ្យុអាស៊ីសេរី តាមរយះ អ៊ីមែល (E-mail) លោក ប្រេដ អាដាម បានអោយដឹងថា ការចេញផ្សាយអត្ថបទរបស់លោក នៅថ្ងៃទី១ ខែមិថុនា នេះ គឺចំរយៈពេល ស្ថិតក្នុងអំណាចមួយម៉ឺនថ្ងៃ ឬ ២៧ឆ្នាំ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរយៈពេលកាន់អំណាចដ៏យូរគ្មានការផ្លាស់ប្ដូរអ្នកថ្មីនេះ វាមិនល្អសំរាប់ពលរដ្ឋកម្ពុជា។
លោក ប្រេដ អាដាម ក៏បានប្រៀបធៀបប្រសាសន៍របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងសំដីរបស់ លោក ម៉ួអឺមើ ហ្គាដាហ្វី (Muammar Gaddafi) អតីតមេដឹកនាំផ្តាច់ការប្រទេស លីប៊ី ដែលត្រូវបានប្រជាជនលីប៊ី ងើបបះបោរទម្លាក់ពីអំណាច និងបាញ់សម្លាប់ដោយក្រុមប្រឆាំង។ នៅក្នុងអត្ថបទរបស់ លោក ប្រេដ អាដាម បានលើកយកប្រសាសន៍របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ពោលទាំងកំហឹងទៅអ្នកណាដែលចង់ប្រឆាំងនឹងលោក ដូច្នេះ៖«ខ្ញុំសូមផ្កាំទៅអ្នកឯង បើចង់ឲ្យមានកុប្បកម្មបែបទុយណេស៊ី ខ្ញុំនឹងបិទទ្វាវៃឆ្កែហើយពេលនេះ។ ផ្កាំឲ្យហើយ! បើអ្នកឯង បើអ្នកឯងប្រមូលគ្នាបាន សូមអញ្ជើញមក! បើនាយករដ្ឋមន្ត្រី មិនដឹកនាំការពាររដ្ឋធម្មនុញ្ញ ទុកឲ្យគេធ្វើអនាធិបតេយ្យពេញផ្ទៃប្រទេសយ៉ាងម៉េច»។
លោក ប្រេដ អាដាម បន្តទៀតថា សំរាប់មេដឹកនាំផ្តាច់ការ លីប៊ី លោក ម៉ួអឺមើ ហ្គាដាហ្វី វិញ នៅពេលលោកកំពុងបញ្ជាកងទ័ពរបស់ខ្លួនអោយបង្ក្រាបពលរដ្ឋលីប៊ី ដែលបាននាំគ្នាក្រោកឈរប្រឆាំងនឹងការដឹកនាំផ្តាច់ការដ៏យូរអង្វែងរបស់លោកនោះ លោក ម៉ួអឺមើ ហ្គាដាហ្វី បានប្រៀបធៀបអ្នកប្រឆាំងនឹងលោកទាំងនោះទៅជាសត្វកន្លាត ដែលត្រូវតែកំទេច។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ស្នាដៃកសាងជាតិរបស់ លោក ហ៊ុន សែន ដ៏ធំធេង ដូច្នេះបាននាំឲ្យពលរដ្ឋមានភាពកក់ក្តៅក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរូបលោកជាមេដឹកនាំតាមមតិភាគច្រើន។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ស្ថានភាពរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅកម្ពុជា កំពុងរំលោភទៅដល់រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកថ្លែងបន្តថា សង្គមស៊ីវិល និងគណបក្សប្រឆាំងគួរជំរុញឲ្យបណ្ដាប្រទេសដែលជាម្ចាស់ហត្ថលេខីលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់ ពិនិត្យសើរើឡើងវិញ អំពីស្ថានភាពដែលមិនប្រក្រតីនៅកម្ពុជាបច្ចុប្បន្ន។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីចុងខែ ឧសភា បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ក្រោមការដឹកនាំនៃរដ្ឋបាលរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយប្រព័ន្ធតុលាការកម្ពុជាចុះទន់ខ្សោយ នាំអោយខកខានមិនបានរកយុត្តិធម៌ពេញលេញជូនពលរដ្ឋស្លូតត្រង់ ដែលបញ្ហានេះបានបង្កអោយមានការរំលោភសិទ្ធិមនុស្ស។
រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន (Washington) បានបញ្ជាក់ថា ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានចំនួនកើនឡើងតាមរយៈការរំលោភសិទ្ធិដីធ្លី ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ តាមរយៈគោលការណ៍ដីសម្បទានសេដ្ឋកិច្ច ប្រព័ន្ធតុលាការមានលក្ខណៈអន់ថយ ដែលមិនអាចរកយុត្តិធម៌ពិតប្រាកដជូនពលរដ្ឋ ការបន្តបទចោទប្រកាន់ករណីបរិហារកេរ្តិ៍ ជាទោសព្រហ្មទណ្ឌ និងការរឹតត្បិត ដល់សេរីភាពក្នុងការបញ្ចេញមតិតាមរយៈការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយវិជ្ជាជីវៈក្នុងការកែលំអប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមរយៈការបំប៉នសមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង។
អត្ថបទរបស់ លោក ប្រេដ អាដាម បានសរសេរថា ក្រោមការដឹកនាំដោយកណ្ដាប់ដៃដែករបស់ លោក ហ៊ុន សែន បានធ្វើឲ្យមន្ត្រីរាជការ តុលាការ និងអ្នកការទូត ជាច្រើនខ្លបខ្លាច។ លោក ប្រេដ អាដាម ធ្លាប់មានប្រសាសន៍ របបនយោបាយនៅកម្ពុជាកំពុងបោះជំហានទៅរកការដឹកនាំបែបគណបក្សតែមួយ តាមរយៈធ្វើឲ្យគណបក្សប្រឆាំងចុះទន់ខ្សោយ និងការយកប្រព័ន្ធតុលាការជាកូនអុកសំរាប់ល្បែងនយោបាយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
យេមែន
0 comments:
Post a Comment