Thursday, June 7, 2012

លោក កឹម សុខា នឹង​ជួប​ចរចា​ជាមួយ​លោក សម រង្ស៊ី នៅ​ខែ​កក្កដា

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា លោក​នឹង​ទៅ​ជួប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ខែ​កក្កដា ខាង​មុខ ដើម្បី​ពិភាក្សា​គ្នា​អំពី​គោលការណ៍​នៃ​ការ​រួប​រួម​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី។
RFA/Uon Chhin
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​៧ មិថុនា ឆ្នាំ​២០១២។
លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា លោក​រំពឹង​ថា ការ​ជួប​គ្នា​រវាង​រួប​លោក និង​លោក សម រង្ស៊ី លើក​នេះ អាច​រក​ចំណុច​រួម​ដើម្បី​ឈាន​ទៅ​រក​ចំណុច​រួប​រួម​គ្នា​បាន ពីព្រោះ​ថា ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក៏​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​រួបរួម​គ្នា ដើម្បី​រួម​កំលាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះ​ឆ្នោត​ជាតិ​លើក​ទី​៥ ឆ្នាំ​២០១៣ ខាង​មុខ។
លោក កឹម សុខា បាន​ឆ្លើយ​តប​ដូច្នេះ​នៅ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ផ្ញើ​លិខិត​អញ្ជើញ​លោក កឹម សុខា និង​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ទៅ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៩ ថ្ងៃ​ទី​៣០ ខែ​មិថុនា ខាង​មុខ ដើម្បី​ពិភាក្សា​គ្នា​ស្ដីពី​ការ​បង្រួបបង្រួម​កំលាំង​ប្រជាធិបតេយ្យ​ខ្មែរ​ទាំង​អស់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ និង​ដើម្បី​ដណ្ដើម​ជ័យជំនះ​បញ្ចប់​អំណាច​ផ្ដាច់ការ​ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។
លោក កឹម សុខា បញ្ជាក់​ថា ដោយសារ​ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស មាន​កម្មវិធី​រវល់​ចាំបាច់​របស់​ខ្លួន​រួច​ហើយ ដូច្នេះ​លោក​សុំ​ឲ្យ​លោក សម រង្ស៊ី កំណត់​យក​ថ្ងៃ​ណា​មួយ​ក៏​បាន​ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​កក្កដា តាម​ទី​កន្លែង​ណា​ដែល​លោក សម រង្ស៊ី អាច​កំណត់​យក​បាន។

ទោះ​បី​ជា​គណបក្ស​ប្រឆាំង​ទាំង​ពីរ មាន​គោលបំណង​ចង់​រួបរួម​គ្នា​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ក្ដី ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា គណបក្ស​ប្រជាជន​មិន​ញញើត​ក្នុង​ការ​ប្រកួត​ប្រជែង​នោះ​ទេ ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​បាន​រួប​រួម​គ្នា​ក្ដី។
លោក ជាម យៀប ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា។ លោក​មានប្រសាសន៍ថា លោក​មិន​រំពឹង​ថា​គណបក្ស​ទាំង​ពីរ​អាច​រួបរួម​គ្នា​ទៅ​វិញ។ ប៉ុន្តែ​លោក​អះអាង​ថា បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​រួបរួម​គ្នា​បាន​ក៏​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​ដែរ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​លើក​ឡើង​ថា បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​រួបរួម​គ្នា លោក​សង្ឃឹម​ថា គណបក្ស​ទាំង​ពីរ​អាច​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ។
គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ជាប់​គាំង​លើ​បញ្ហា​រួបរួម​គ្នា​នេះ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដែល​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​នេះ​ច្របាច់​ចូល​គ្នា​បាន​កន្លង​មក​នោះ ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​មិន​ទុក​ចិត្ត​គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment