ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស គ្រោងនឹងវិលមកកម្ពុជាវិញ នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចប់។
លោក សម រង្ស៊ី បានប្រកាសបែបនេះតាមសន្និសីទវីដេអូ ទៅកាន់សមាជិក និងអ្នកគាំទ្រគណបក្សរបស់លោក នៅថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៣ នៅយប់ថ្ងៃទី០១ ខែមិថុនា នាមុខតុលាការកំពូល ឬអតីតអាគាររដ្ឋសភា។
លោក សម រង្ស៊ី នៅតែបញ្ជាក់ថា ការវិលមកវិញនេះ គឺពុំត្រូវការអោយមានការសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកណ្ដាល លោក សុន ឆ័យ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើគណបក្ស សម រង្ស៊ី ឈ្នះបានសំឡេងច្រើនដូចការរំពឹងទុក លោក សម រង្ស៊ី នឹងវិលមកកម្ពុជាវិញ ដោយមិនបារម្ភពីទោសទណ្ឌប្រឆាំងរូបលោក ដែលត្រូវកាត់សេចក្ដីដោយតុលាការនាពេលកន្លងមកនោះទេ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងត្រូវបានតុលាការប្រទេសកម្ពុជា ផ្ដន្ទាទោសអោយជាប់ពន្ធនាគារជាង ១០ឆ្នាំ ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ការក្លែងឯកសារសាធារណៈ ក្លែងឯកសារផែនទី និងផ្សព្វផ្សាយព័ត៌មានមិនពិត។
អនុប្រធាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា រដ្ឋាភិបាលមិនដែលហាមឃាត់លោក សម រង្ស៊ី ក្នុងការវិលចូលស្រុកទេ ប៉ុន្តែលោក សម រង្ស៊ី ត្រូវតែប្រឈមមុខចំពោះមុខច្បាប់នៅកម្ពុជា។
អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច។ លោកមានប្រសាសន៍ថា ប្រសិនបើលោក សម រង្ស៊ី ធ្វើដូចការប្រកាសរបស់លោកមែននោះ គឺជាហេតុផលល្អសម្រាប់លោកនៅក្នុងឆាកនយោបាយនៅកម្ពុជា។ លោក សុខ ទូច បញ្ជាក់ថា ទោះជាបែបណា ទោសកំហុសរបស់លោក សម រង្ស៊ី គឺកើតឡើងដោយសារលោកខ្វល់ខ្វាយពីប្រយោជន៍ជាតិ។
អ្នកវិភាគក៏បានរំពឹងទុកដែរថា គណបក្ស សម រង្ស៊ី អាចនឹងទទួលបានការគាំទ្រកាន់តែច្រើនសម្រាប់ការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៣ ប្រសិនបើលោក សម រង្ស៊ី បានវិលមកប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
0 comments:
Post a Comment