Sunday, May 13, 2012

ព្រះឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ដាក់​តាំង ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះជន្មរបស់​ព្រះអង្គ
ព្រះឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ដាក់​តាំង ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះជន្មរបស់​ព្រះអង្គ
RFI/Channa Siv

ដោយ ប៉ែន បូណា
ថ្ងៃអាទិត្យ​នេះ​គឺជា​ថ្ងៃ​ចម្រើន​ព្រះជន្ម ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា គម្រប់ ៥៩ ព្រះវស្សា និង​យាង​ចូល ៦០ ព្រះវស្សា។ ក៏​ដូច​រៀងរាល់ឆ្នាំ​ដែរ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៣​ខែឧសភា​តទៅ។ រយៈពេល​បី​ថ្ងៃនេះ​ត្រូវបាន​កំណត់ថា​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​មន្ត្រី​រាជការ​និង​អ្នកបម្រើ​ការងារ​ទាំងឡាយ។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
 
13/05/2012
ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះជន្ម​គម្រប់​៥៩​ព្រះវស្សា និង​ឈាន​ចូល​៦០​ព្រះវស្សា​ហើយ​នៅ​ថ្ងៃអាទិត្យ​នេះ។ ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ​ត្រូវគេ​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ​នៅ​ទូទាំង​ប្រទេស។ រយៈពេល​បី​ថ្ងៃនេះ​ក៏ត្រូវ​បាន​កំណត់​ថា​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ជាតិ​ទាំងមូល​ផងដែរ។

ក៏ដូចជា​រៀងរាល់ឆ្នាំ​ដែរ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយ​ស្ងៀមស្ងាត់ ដោយ​គ្មាន​ពិធី​អ្វី​ធំដុំ​ទេ។ ពិធី​នេះ​ត្រូវបាន​គេ​ប្រារព្ធ​តាមរយៈ​ការដាក់​តាំង​លម្អ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​នៅ​ពីមុខ​ព្រះបរមរាជវាំង ក្រសួង​ស្ថាប័ន និង​ទីសាធារណៈ​នានា។ នៅក្នុង​ព្រះបរមរាជវាំង​ក៏​គ្មាន​ការ​ប្រារព្ធ​ពិធី​អ្វី​ធំដុំ​ដែរ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​ព្រះ​រាជលេខា​ផ្ទាល់​របស់​អតីតព្រះមហាក្សត្រ មិនអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ ប៉ុន្តែ មន្ត្រី​នៃ​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​បាន​ឲ្យ​ដឹងថា ព្រះមហាក្សត្រ​មិនដែល​យក​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះអង្គ​ទៅ​ប្រារព្ធ​ពិធី​អ៊ឹកអធិក​​អ្វី​ឡើយ តែ​ព្រះអង្គ​បាន​ប្រើ​ពេលវេលា​នេះ​ ដើម្បី​ស្តេចយាង​ចុះសួរ​សុខទុក្ខ និង​ប្រទាន​ព្រះរាជ​អំណោយ​ដល់​ជនក្រីក្រ​នៅតាម​ទីជនបទ​នានា។

គួរ​កត់សម្គាល់​ថា​ ក្នុង​រយៈពេល​៣ថ្ងៃ​នេះ ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ត្រូវបាន​គេ​កត់សម្គាល់​តាមរយៈ​សារលិខិត​ថ្វាយព្រះពរ​ពី​សំណាក់​ឥស្សរជនកំពូលៗ ដូចជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត។ លិខិត​ថ្វាយ​ព្រះពរ​​ទាំងនោះ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដូចជា​កាសែត វិទ្យុ និង​ជាពិសេស​តាម​កញ្ចក់​ទូរទស្សន៍។ ចំណែក​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​មន្ត្រីរាជការ បុ​គ្គ​លិ​ក កម្មករផ្សេងៗដែរ​ បាន​យក​ពេលវេលា​ឈប់សម្រាក​នេះ​ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ទៅតាម​បំណងរៀងៗខ្លួន។  

ព្រះករុណា​សម្តេច​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​កម្ពុជា កាលពី​ខែតុលា​ឆ្នាំ២០០៤ បន្ទាប់ពី​ព្រះរាជ​បិតា​របស់​ទ្រង់ គឺ​សម្តេច​ឳ នរោត្តម សីហនុ បានប្រកាស​ដាក់​រាជសម្បត្តិ។ ក្រោយ​ការឡើង​គ្រង​រាជសម្បត្តិ ព្រះអង្គ​តែង​យាងចុះ​សួរសុខទុក្ខ​ប្រជារាស្ត្រ​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស។ រយៈពេល​បី​ថ្ងៃនេះ រាជធានី​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ធម្មតា ​ពីព្រោះ​តែ​អ្នកទីក្រុង​ជាច្រើន​បាន​ចាកចេញ​ទៅធ្វើ​ដំណើរកម្សាន្ត​នៅតាម​បណ្តា​ខេត្ត៕
TAGS: កម្ពុជា - ព្រះមហាក្សត្រ
from: RFI

0 comments:

Post a Comment