Sunday, May 13, 2012

លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ថា​មិន​ឲ្យ​នរណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ


2012-05-09
ជា​ថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​នឹង​មិន​ឲ្យ​ពលរដ្ឋ​​ណា​មួយ​ត្រូវ​ស្លាប់​ដោយ​អត់​បាយ​នោះ​ទេ​ក្នុង​អាណត្តិ​របស់​លោក។
RFA/Sok Serey
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
Click to listen here
ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់​ប្រមុខ​​រដ្ឋាភិបាល ត្រូវ​គេ​ដឹង​ថា គឺ​ធ្វើ​ឡើង​​ដើម្បី​ធានា​ពី​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា ដែល​ភរិយា​របស់​លោក​ជា​ប្រធាន។ ក៏​ប៉ុន្តែ​សារ​របស់​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ការ​វិវត្តន៍​ស្ថានការណ៍​សង្គម និង​ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ចំអក​ថា ធ្វើ​ឡើង​ក្នុង​ន័យ​គាំទ្រ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។ 
ការ​ថ្លែង​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​​កាកបាទ​ក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​ ខណៈ​គំរប់​ខួប​លើក​ទី ១៤៩ នៃ​ទិវា​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​​​ពិភពលោក នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១២។
​ថ្លែង​នៅ​ក្នុង​ពិធី​នោះ លោក​នាយក​រដ្ឋមន្ត្រី​ប្ដេជ្ញា​ថា នឹង​មិន​បណ្ដោយ​ឲ្យ​មាន​ពលរដ្ឋ​ណា​មួយ​ប្រឈម​មុខ​​ស្លាប់​ដោយ​ការ​អត់​បាយ​នោះ​ទេ៖ «បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ដែល​ថា មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ដោយ​យើង​មិន​បាន​ដឹង ហើ​យ​មិន​បាន​ដោះ​ស្រាយ​ ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព។ ខ្ញុំ​សង្ឃឹម​ថា ពាក្យ​ស្លោក​នេះ និង​បទបញ្ជា​ដែល​មាន​ចរិត​ជា​ពាក្យ​ស្លោក​​នេះ នឹង​បន្ត​អនុវត្ត​ត​ទៅ​ទៀត​តាម​រយៈ​យន្តការ​រដ្ឋបាល និង​តាម​រយៈ​យន្តការ​កាកបាទ​ក្រហម»
ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថានការណ៍​សង្គម​ និង​អ្នក​រង​គ្រោះ​ដោយ​​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន​ តាម​រយៈ​​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឡើង​ដោយ​​​រដ្ឋាភិបាល រិះ​គន់​ថា ការ​ថ្លែង​សារ​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ពិត​ដែល​ពួក​គេ​កំ​ពុង​ប្រឈម​នោះ​ទេ។ 


លោក ទូច ខន តំណាង​ពលរដ្ឋ​នៅ​ភ្នំ​បាត ដែល​ត្រូវ​បាន​​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច បណ្ដេញ​ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១២ មាន​ប្រសាសន៍​ថា បន្ថែម​លើ​ការ​ប្រឈម​ទៅ​នឹង​ពុំ​មាន​ទី​ជម្រក និង​បន្ត​រង់ចាំ​ការ​ផ្ដល់​ដី​ដែល​ក្រុមហ៊ុន​សន្យា​ថា នឹង​ប្រគល់​ជូន​ពួក​គាត់​នោះ។ លោក​អះ​អាង​ថា​សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ទាំង​នោះ​កំពុង​ប្រឈម​មុខ​អត់​បាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ពុំ​ដែល​ឃើញ​កាកបាទ​ក្រហម ឬ​មន្រ្តី​រដ្ឋាភិបាល​ចុះ​​ដោះ​ស្រាយ​សម្រាប់​ពួក​គាត់​នោះ​ទេ។
លោក ទូច ខន៖ «ឥឡូវ​ពួក​គាត់​ដាច់​បាយ​ដាច់​អី​អស់​ហើយ ព្រោះ​អី​ឥឡូវ​ហ្នឹង​សូម្បី​លុយ​ទិញ​អង្ករ​បបរ​ហូប​ក៏​អត់​មាន​ដែរ។ ឥឡូវ​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ចង់​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​សម្លឹង​​មើល​គាត់ ដែល​គាត់​រស់​នៅ​ភ្នំ​បាត ដែល​​គាត់​ជម្លៀស​ចេញ​ពី​បុរី​កីឡា​មក​នៅ​ភ្នំ​បាត​នេះ។ ជួយ​​​សម្លឹង​មើល​គាត់​ផង​ ព្រោះ​អី​ឥឡូវ​គាត់​យ៉ាប់យ៉ឺន​មែន​ទែន»
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម។ លោក​ចាត់​ទុក​ថា សារ​នយោបាយ​នេះ​ ធ្វើ​ឡើង​គ្រាន់​តែ​សម្រាប់​ការពារ​ភាព​ស្អាតស្អំ​នៅ​ក្នុង​របប​របស់​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ លោក​ថា ខុស​ពី​ការ​ថ្លែង​នេះ ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជា​ច្រើន​កំពុង​ប្រឈម​មុខ​ចំពោះ​ការ​បាត់​បង់​លំនៅឋាន គ្មាន​ដី​ធ្លី​សម្រាប់​ប្រកប​មុខ​របរ ព្រោះ​តែ​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ និង​មួយ​ចំនួន​ទៀត​ស្លាប់​ដោយសារ​អត់​បាយ​ផង​ដែរ។
លោក អ៊ូ វីរៈ៖ «យើង​ដឹង​ហើយ តើ​ថា មាន​អ្នក​ស្លាប់​អត់​បាយ​ហ្នឹង​ច្រើន​គ្នា​ហើយ​តើ! ដូច្នេះ​ការ​តាំង​ចិត្ត​ថា មិន​ឲ្យ​មាន​អ្នក​ស្លាប់​ដោ​យ​​អត់​បាយ​ហ្នឹង ដែល​ជា​តាំង​ចិត្ត​មួយ​ដ៏​ល្អ​ ដែល​​ពួក​ខ្ញុំ​ស្វាគមន៍។ ប៉ុន្តែ​បើ​សិន​គោលនយោបាយ​ដី​សម្បទាន​ច្រើន​ គោលនយោបាយ​អនុញ្ញាត​ឲ្យ​អ្នក​ធំ​ទិញ​តុលាការ​បាន អ៊ីចឹង​គឺ​ថា អា​ហ្នឹង​ប្រជាពលរដ្ឋ​​រាប់​លាន​ទៅ​ជា​ជន​រង​គ្រោះ​ហើយ»
ក៏​ប៉ុន្តែ​អ្នកស្រី ម៉ែន នារីសោភ័ណ្ឌ​ អគ្គ​លេខាធិការ​កាកបាទ​ក្រហម​កម្ពុជា មាន​ប្រសាសន៍​ថា គោលការណ៍​កាកបាទ​ក្រហម​កម្ពុជា ផ្តោត​សំខាន់​គឺ​កម្មវិធី​មនុស្ស​ធម៌​សម្រាប់​ជន​រង​គ្រោះ​ដោយ​ទឹក​​ជំនន់ ខ្យល់​ព្យុះ និង​អាកាសធាតុ​រាំង​ស្ងួត​ជាដើម។
អ្នកស្រី​ចាត់​ទុក​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​បណ្ដេញ​ចេញ គឺ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់ ពុំ​មែន​ជា​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា​នោះ​ទេ៖ «បើ​ថា​ច្បាប់​គេ​មាន​ចែង​យ៉ាង​ម៉េច គេ​អនុវត្ត​ដាក់​កំណត់​ប៉ុន្មាន​ថ្ងៃ​ៗ​ អា​ហ្នឹង​វា​ជា​រឿង​មួយ​ផ្សេង​ទៀត កុំ​យក​មក​ច្របាច់​បញ្ចូល​គ្នា​អត់​បាន​ទេ»។ 
របាយការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា ឲ្យ​ដឹង​ថា ចំណូល​​សម្រាប់​ឆ្នាំ​២០១២ ទឹក​លុយ​ដែល​ទទួល​បាន​មាន​ចំនួន​ជាង ១០​លាន​ដុល្លារ។ តួលេខ​នេះ​មាន​ការ​កើន​ឡើង​ នោះ​បើ​​​​ប្រៀប​ធៀប​ទៅ​នឹង​របាយការណ៍​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​តែ​ជាង ៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ 
ទោះ​ជា​បែប​ណា ពលរដ្ឋ​តែង​រិះគន់​ថា ការ​​​បែង​ចែក​អំណោយ​ធ្វើ​ឡើង​ដោយ​ពុំ​បាន​ផ្ដល់​តម្លាភាព​សម្រាប់​ពលរដ្ឋ​ទូទៅ​នោះ​ទេ ពោល​គឺ​អង្គភាព​មួយ​នេះ​តែង​ផ្ដល់​លទ្ធភាព​អ្នក​ដែល​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា ជា​ជាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​ប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment