គេបានកត់សំគាល់ថា កិច្ចប្រជុំនេះបានគ្របដណ្ដប់ដោយបញ្ហាជម្លោះតានតឹងនៅសមុទ្រចិន ខាងត្បូងរវាងប្រទេសសមាជិកអាស៊ានចំនួនបួនជាមួយប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង ១០ប្រទេស បានយល់ព្រមអនុវត្តតាមក្រមប្រតិបត្តិ ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី និងអហិង្សា រវាងអាស៊ាន និងប្រទេសចិន។
ក្រមប្រតិបត្តិនោះ ត្រូវបានឧត្ដមមន្ត្រីក្រសួងការពារជាតិអាស៊ាន បានពិភាក្សា និងចងក្រងរួចហើយ នៅក្នុងកិច្ចប្រជុំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងទីក្រុងភ្នំពេញ គឺផ្នែកតាមសេចក្ដីថ្លែងការណ៍រួមនៅឆ្នាំ២០០២ កន្លងទៅ ដែលមានប្រទេសសមាជិកអាស៊ានទាំង ១០ បានចុះហត្ថលេខា ដើម្បីបន្តដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងនោះដោយសន្តិវិធី។
ក្រមប្រតិបត្តិគេនឹងដាក់ជូនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះដើម្បីសម្រេច។
លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅឯវិមានសន្តិភាពថា រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង ១០ បានបញ្ជាក់ជំហរជាថ្មីថា នឹងបន្តគាំទ្រសេចក្ដីថ្លែងការណ៍រួមឆ្នាំ២០០២ កន្លងទៅនេះ និងក្រមប្រតិបត្តិ។
លោកបានបន្តថា លោករៀបចំឲ្យមានជួបមួយរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិចិន លោក លាង ហ្គួងលី (Liang Guanglie) នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ លើបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនោះ៖ «បង្កលក្ខណៈសម្បត្តិ … បានរៀបចំជារបៀបវារៈមួយខ្លី ឬហៅថា តូចក្រៅផ្លូវការមួយមានការពិគ្រោះ»។
លោក ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិន លោក លាង ហ្គួងលី មកប្រទេសកម្ពុជា នៅពេលនេះ គឺមិនមែនជាការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឬកម្ពុជានោះទេ ប៉ុន្តែជាទស្សនកិច្ច ជួនពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា។
ចំណែកឯរដ្ឋមន្ត្រីការពារជាតិនៃប្រទេសហ្វីលីពីន ( Philippines ) លោក វ៉ុលតៃរី ធីហ្គាសមីន (Voltaire T. Gazmin) ជាប្រទេសដែលមានជម្លោះតានតឹងជាងគេជាមួយប្រទេសចិននោះ បានមានប្រសាសន៍ជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា រូបលោក និងរដ្ឋមន្ត្រីការពារជាតិចិន បានជួបពិភាក្សាគ្នាថ្មីៗនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង៖ «យើងបានឯកភាពគ្នាថា នឹងមានការបន្ធូរបន្ថយលើអធិបតេយ្យ ក៏ដូចជាសកម្មភាពនានា ដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពតឹងតែង»។
ប្រទេសជាសមាជិកអាស៊ានចំនួន៤ ដែលមានជម្លោះជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូងនោះ មានដូចជា ប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ។
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា នៅប្រជុំកោះស្ព្រាតលី (Spratly) និងប្រជុំកោះប៉ារ៉ាសែល (Paracel) នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះដណ្ដើមកាន់កាប់ជាកម្មសិទ្ធិ រៀងៗខ្លួននោះ គឺមានធនធានប្រេងកាត និងឧស្ម័នមហាសាល។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ នេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង ១០ បានឯកភាពផ្ទេរវេនឲ្យក្រសួងការពារជាតិនៃប្រទេសប្រ៊ុយណេ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៧ និងកិច្ចប្រជុំបូកជាមួយប្រទេសដទៃទៀតនៅឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
0 comments:
Post a Comment