Friday, May 18, 2012

ដើម​បណ្ដឹង​ក្នុង​រឿង​លោក ឈូក បណ្ឌិត ចូល​បំភ្លឺ​នៅ​តុលាការ

RFA/Hum Chamroeun
១៨-ឧសភា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា បង្ហាញ​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង ក្នុង​ពេល​កញ្ញា​តវ៉ា នៅ​ខេត្ត​ស្វាយរៀង។


2012-05-18
ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​កោះ​ហៅ​ដើម​បណ្ដឹង​ក្នុង​រឿង​​ក្ដី​លោក ឈូក បណ្ឌិត មក​បក​ស្រាយ​បំភ្លឺ​ជុំវិញ​ហេតុការណ៍​បាញ់​បោះ​ដែល​បង្ក​​ឲ្យ​កម្មករ​រោង​ ចក្រ​ស្បែក​ជើង​ឈ្មោះ កៅវ៉េ (Kaoway) រង​របួស​ចំនួន ៣​នាក់។
ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា បាន​បើក​សវនាការ​មួយ​ពិនិត្យ​ទៅ​លើ​ដើម​បណ្ដឹង​ក្នុង​រឿង​ក្ដី​លោក ឈូក បណ្ឌិត ដើម្បី​បក​ស្រាយ​បំភ្លឺ​ក្នុង​ករណី​បាញ់​បោះ​បង្ក​របួស​ស្នាម​ទៅ​លើ​កម្មករ ៣​នាក់ ក្នុង​នោះ​រួម​មាន​ទី​១ ឈ្មោះ កញ្ញា ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ទី​២ កញ្ញា នុត សុខន និង​ទី​៣ កញ្ញា កែវ នា។ ហេតុការណ៍​នេះ​កើត​ទ្បើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​មក។

ដើម​បណ្ដឹង គឺ​កញ្ញា នុត សុខន អាយុ ២៣​ឆ្នាំ រស់​នៅ​ភូមិស្វាយគុយ ឃុំ​មេសថ្ងក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា តុលាការ​បាន​សួរ​នាំ​លើ​ព្រឹត្តិការណ៍​ដែល​កញ្ញា​បាន​ឃើញ​ផ្ទាល់​ភ្នែក ដូចជា​ករណី​បាញ់​បង្ក​របួសស្នាម និង​អង្គហេតុ​ផ្សេងៗ។
ចំណែក​ឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) គឺ​លោក អាត់ ធន់ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ដើម​បណ្ដឹង​ចូល​មក​ស្រាយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បាន​ទាមទារ​ឲ្យ​តុលាការ​ជំនុំ​ជម្រះ​ក្ដី​ឲ្យ​មាន​តម្លាភាព​ឈរ​លើ​ គោលការណ៍​ច្បាប់។
ហេតុការណ៍​បាញ់​បោះ​ដែល​បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ​ស្បែកជើង​រង​របួស​ ចំនួន ៣​នាក់​នេះ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ តែ​យ៉ាង​នេះ​ក្ដី អង្គការ​សង្គម​ស៊ីវិល​កំពុងតែ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា ​នេះ។ រហូត​មក​ដល់​ពេល​នេះ តុលាការ​នៅ​ពុំ​ទាន់​ចាប់​ជន​បង្ក​របួស​ស្នាម​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment