Tuesday, May 15, 2012

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ប្រើ​ព្រះ​នាម​សម្ដេច​ឪ​មក​ឃោសនា​បោះ​ឆ្នោត

2012-05-15
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ឈប់​ប្រើប្រាស់​ព្រះនាម និង​ព្រះ​ឆាយាល័ក្ខណ៍​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឃោសនា​បោះ​ឆ្នោត នៅ​ពេល​ខាង​មុខ​នេះ។
RFA/Den Ayuthyea
សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ថ្លែង​ទៅ​កាន់​សមាជិក សមាជិកា​គណបក្ស នរោត្ដម រណឫទ្ធិ បន្ទាប់​ពី​អង្គ​សមាជ​វិសាមញ្ញ​បាន​ជ្រើស​តាំង​ព្រះអង្គ​ជា​ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ នៅ​មជ្ឈមណ្ឌល​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០។
Click here to listen to Mr. Koy Dechor
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១២ បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​កាន់​អំណាច គឺ​ជា​គណបក្ស​ដែល​ការពារ​របប​រាជា​និយម និង​រាជបល្ល័ង្ក​ពិត​ប្រាកដ ហើយ​អ្នក​ណា​ចង់​បំផ្លាញ​របប​រាជា​និយម​នេះ លុះ​ត្រា​តែ​លោក​ស្លាប់​សិន។
លោក​បាន​ព្រមាន​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន រាប់​ទាំង​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ យក​របប​រាជា​និយម​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ ឬ​ជា​កម្មសិទ្ធិ​របស់​រាជវង្សានុវង្ស ពីព្រោះ​របប​រាជា​និយម គឺ​ជា​កម្មសិទ្ធិ​ទាំង​អស់​គ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ បើ​មិន​ដូច្នោះ​ទេ​នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។
ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១២។ មាន​គណបក្ស​នយោបាយ​ចំនួន ១០ ចូល​រួម​ការ​បោះ​ឆ្នោត​នោះ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តា​អាចារ្យ​ចំនួន​ជាង ៣២០០​នាក់ នៅ​មហោស្រព​កោះ​ពេជ្រ​ថា ការ​ប្រើប្រាស់​ព្រះ​កិត្តិនាម​របស់​ព្រះ​មហាក្សត្រ​មក​ឃោសនា​បោះ​ឆ្នោត គឺ​ជា​ការ​កេង​ចំណេញ​នយោបាយ ប៉ះពាល់​ដល់​ព្រះ​កិត្តិយស និង​ព្រះចេស្ដា។
លោក ហ៊ុន សែន៖ «ព្រោះ​អ្នក​ដែល​ការពារ​រាជា​និយម​កំពុង​តែ​អង្គុយ​នៅ​ឯ​នេះ កំពុង​តែ​និយាយ​នេះ។ បួន​កៅអី​យក​មក​ធ្វើ​ផេះ​អី? ៩០​កៅអី​ដែល​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន គេ​កំពុង​តែ​ការពារ។ ខ្លួន​ឆ្លៀត​យក​ចំណេញ​ច្រើន​លើក​ច្រើន​សា​ហើយ គេ​មិន​ថា​ផង រហូត​ដល់​មួយ​បែប​ថា​អាក្រក់​ស្ដាប់ ស៊ី​កេរ​ឪ។ បើ​ស្រឡាញ់​សម្ដេច​ឪ​បោះ​ឆ្នោត​ឲ្យ ហ៊្វុនស៊ិនប៉ិក និយាយ​ឲ្យ​ច្បាស់​អ៊ីចឹង​ណា! អ៊ីចឹង​អ្នក​ចាញ់​ដោយ​ទាំង​ព្រះ​ករុណា សម្ដេច​ឪ សីហនុ ទៀត។ ប៉ុន្មាន​អាណត្តិ​ដែល​ឃោសនា​របៀប​នេះ? ទៅ​អាប់ឱន​ព្រះ​កិត្តិនាម​របស់​សម្ដេច​ឪ ដែល​លោក​អត់​ដឹង​ផង។ ព្រោះ​រាជា​និយម ជា​របស់​រួម​របស់​ជាតិ សេ្តច​ជា​ស្ដេច​របស់​យើង​ទាំង​អស់​គ្នា មិន​មែន​ស្ដេច​របស់​រាជវង្ស​ទេ ហើយ​បើ​សិន​ជា​គ្រាន់​តែ​របស់​រាជវង្ស​ប៉ុន្មាន​នាក់ គឺ​ច្បាស់​ជា​អន្តរាយ​ហើយ អា​ហ្នឹង​សូម​ផ្ដាំ​ទុក»
ប្រតិកម្ម​ទៅ​នឹង​ការ​ព្រមាន​នេះ អ្នក​នាំ​ពាក្យ​របស់​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហារ និង​ជា​សមាជិក​គណៈកម្មការ​នាយក បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​បាន​ប្រើប្រាស់​ព្រះ​កិត្តិនាម​របស់​អតីត​ព្រះមហាក្សត្រ​មក​ឃោសនា​បោះ​ឆ្នោត​ទេ ប៉ុន្តែ​គណបក្ស​នេះ​មាន​គោលនយោបាយ​ថា ជា​គណបក្ស​រាជា​និយម និង​មាន​ត្រីវិស័យ​ដើរ​តាម​របប​រាជា​និយម​កន្លង​មក។
លោក ប៉ែន សង្ហារ៖ «គណបក្ស នរោត្តម រណឫទ្ធិ ជា​គណបក្ស​ដែល​ប្រកាន់​យក​នូវ​មាគ៌ា​នយោបាយ​កណ្ដាល គឺ​ជា​ការ​ប្រមែប្រមូល​នូវ​កម្លាំង​អ្នក​បោះ​ឆ្នោត ប្រមែប្រមូល​នូវ​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត ដែល​ជា​អ្នក​រាជា​និយម អ្នក សីហនុ និយម អ្នក​ជាតិ​និយម អ្នក​ស្នេហា​ជាតិ ។ គណបក្ស នរោត្តម រណឫទ្ធិ ជា​គណបក្ស​មួយ ក្ដី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ»
លោក ហ៊ុន សែន បាន​ព្រមាន​ទៀត​ថា បើ​សិន​ណា​ពុំ​មាន​ការ​បញ្ឈប់​ការ​ប្រើប្រាស់​ព្រះ​កិត្តិនាម​របស់​អតីត​ព្រះមហាក្សត្រ សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ទេ​នោះ លោក​នឹង​និយាយ​រឿង​នេះ​ជា​ថ្មី​ទៀត និង​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ជាង​នេះ​ទៀត។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា រាប់​ទាំង​តា​អាចារ្យ និង​ដូនជី​ដែរ​នោះ បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​គណបក្ស​នេះ​បាន​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៧៩ កន្លង​មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment