ដោយ ម៉ម មុនីរតន៍
2012-05-09
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស អះអាងថា នឹងលើកពីបញ្ហាដ៏ចម្រូងចម្រាសរបស់ពលរដ្ឋសហគមន៍បុរីកីឡា ទៅពិភាក្សាជាមួយប្រមុខរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ។
ការសន្យារបស់ប្រេសិតពិសេស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នេះ ធ្វើឡើងនៅគ្រាលោកចុះពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់អ្នកបុរីកីឡា ដែលនៅសេសសល់ចំនួន ១១៧គ្រួសារ នៅថ្ងៃទី៩ ខែឧភាស នេះ។
លោក សុរិយា ស៊ូប៊ែឌី គឺជាតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោកមានប្រសាសន៍នៅថ្ងៃទី៩ ខែឧសភា ថា លោកនឹងតស៊ូមតិលើផ្នែកនេះទៅថ្នាក់ជាតិដើម្បីរកច្រកចេញ។ លោក ស៊ូប៊ែឌី ចាត់ទុកថា នេះជាបញ្ហាមិនគួរកើតចំពោះពលរដ្ឋនៅក្នុងសតវត្សដែលពិភពលោកកំពុងបង្កើនការគោរពសិទ្ធិមនុស្សនោះទេ។
ការលើកឡើងរបស់លោក ស៊ូប៊ែឌី បែបនេះ គឺនៅគ្រាដែលលោកចុះពិនិត្យដោយផ្ទាល់ក្នុងទីតាំងដែលពលរដ្ឋបុរីកីឡារស់នៅក្រោមតង់ ក្រោមជណ្តើរ សំយ៉ាប និងអគារក្នុងបរិវេណប្លុកបុរីកីឡា ជាទីដែលពួកគេធ្លាប់រស់នៅ។ ចំណែកស្រី្តបឹងកក់ដែលបានចូលរួមជាមួយអ្នកបុរីកីឡា នៅថ្ងៃ៩ ឧសភា ដែរ ឲ្យដឹងថា ពួកគេប្រឈមនឹងការបែកការគ្រួសារ ព្រោះតែប្ដីរបស់ពួកគាត់ជាមន្ត្រីរាជការត្រូវទទួលរងនូវសម្ពាធពីរដ្ឋាភិបាល ដោយចាត់ទុកថា ការតវារបស់ស្រ្តីបឹងកក់ គឺជាការប្រឆាំងនឹងរដ្ឋាភិបាល។
ក្រុមពលរដ្ឋដែលក្រាញននៀលមិនចាកចេញពីបុរីកីឡា បានស្រែកតវ៉ាប្រឆាំងនឹងក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ថា ត្រូវតែសង់អគារទី១០ សម្រាប់ពួកគេ។ ពួកគាត់អះអាងថា អគារដែលក្រុមហ៊ុនលក់ម៉ូតូទិញបន្តពីអ្នកស្រី ស៊ុយ សុផាន នៅក្បែរនោះ គឺជាចំណែករបស់ពួកគាត់ដែលត្រូវទទួលបានតាមកិច្ចសន្យាសង់គ្រប់ចំនួន ១០អគារ រវាងក្រុមហ៊ុន ផានអ៊ីម៉ិច និងរដ្ឋាភិបាល សម្រាប់ពលរដ្ឋនៅបុរីកីឡាចំនួន ៣៨៤គ្រួសារ។
លោកស្រី កែវ សាកល ចៅសង្កាត់វាល់វង់ ដែលចុះអន្តរាគមន៍បញ្ឈប់ការតវារបស់ពលរដ្ឋដោយផ្ទាល់ មានប្រសាសន៍ថា ភារកិច្ចស្វែងរកដំណោះស្រាយលើផ្នែកនេះ គឺជាការទទួលខុសត្រូវរបស់មន្រ្តីសាលារាជធានីភ្នំពេញ។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរីពុំអាចស្នើសុំបំភ្លឺពីលោក កើត ឆែ នាយខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានទេ ដោយលោកអះអាងថា ជាប់រវល់។ ចំណែកអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ក៏ពុំអាចស្នើសុំអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទរោទិ៍ជាច្រើនដងតែពុំមានអ្នកទទួល។
កញ្ញា ឡុង គីមហៀង មន្រ្តីព័ត៌មាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន ដែលចុះឃ្លាំមើលដោយផ្ទាល់ ចាត់ទុកការពន្យារពេលម្ដងហើយម្ដងទៀតក្នុងការដោះស្រាយ និងតែងប្រើប្រាស់កំលាំងសមត្ថកិច្ចប្រឆាំងពលរដ្ឋនេះថា ព្រោះតែរដ្ឋាភិបាលជាប់ទាក់ទិនទៅនឹងទទួលសំណូកពីក្រុមហ៊ុន។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បានហៅការថ្លែងបែបនេះរបស់អង្គការសង្គមស៊ីវិលថា ជាចេតនាធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
នេះពុំមែនជាលើកទីមួយនោះទេសម្រាប់តំណាងពិសេសអង្គការសហប្រជាជាតិក្នុងការស្វែងរកកិច្ចអន្តរាគមន៍លើផ្នែកនេះ។ កន្លងមកលោក ស៊ូប៊ែឌី ក៏ធ្លាប់បានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែរ។ ក៏ប៉ុន្តែត្រូវបានរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ចាត់ទុកថា ពុំមានផលចំណេញសម្រាប់កម្ពុជានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
0 comments:
Post a Comment